សង្ក្រាន្តឆ្នាំថ្មីស្រុកចុងកាល់រៀបចំតុបតែងបញ្ចូលវប្បធម៌ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់

 

ឧត្តរមានជ័យ÷អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ បាននាំមកនូវទិដ្ឋភាពថ្មីនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមបែបវប្បធម៌។ ជាពិសេស ស្រុកចុងកាល់ បានក្លាយជាគំរូនៃការរួមបញ្ចូលសិល្បៈវប្បធម៌ជាមួយការលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក។

លោក លី រដ្ឋា អភិបាលស្រុកចុងកាល់ បានឱ្យដឹងថា សង្ក្រានឆ្នាំថ្មីនេះ អាជ្ញាធរ បានអនុវត្តន៍យុទ្ធសាស្ត្រថ្មីក្នុងការរៀបចំនិងតុបតែងកម្មវិធីសង្ក្រាន្តនេះ ដោយផ្ដោតលើសិល្បៈច្នៃប្រឌិត និងអត្តសញ្ញាណមូលដ្ឋាន។ កន្លែងប្រារព្ធពិធីត្រូវបានរចនាយ៉ាងប្រណិត ដោយបញ្ចូលឧបករណ៍កសិកម្ម និងនេសាទជាធាតុសំខាន់ ដែលសម្គាល់ពីជីវិតប្រពៃណី និងមុខរបរដើមរបស់ប្រជាជនក្នុងតំបន់។

លោកអភិបាលបន្តថា ការតុបតែងសង្ក្រាន្តឆ្នាំថ្មីនេះដែរ នៅទិដ្ឋភាពវប្បធម៌ អាជ្ញាធរបានបង្កើតតំបន់លក់ផលិតផលក្នុងស្រុក ដើម្បីជួយជំរុញអាជីវកម្មតូចតាច និងបង្កើនចំណូលសម្រាប់ប្រជាពលរដ្ឋ។ បន្លែ សម្ល បង្អែម និងផលិតផលសិប្បកម្ម ត្រូវបានរៀបចំឱ្យភ្ញៀវទេសចរណ៍ក្នុងបុណ្យសង្ក្រាន្តឆ្នាំថ្មីមួយនេះ។

លោកអភិបាលបញ្ជាក់ថា សង្ក្រានឆ្នាំថ្មី សម្រាប់កម្មវិធីកម្សាន្តដ៏ចម្រុះដូចជា ល្បែងប្រជាប្រិយ តន្ត្រីបុរាណ និងសម្តែងល្ខោនបាសាក់ ត្រូវបានរៀបចំយ៉ាងល្អ ប្រកបដោយភាពរីករាយ ដែលបង្កើនភាពទាក់ទាញ និងជួយស្វែងយល់អំពីវប្បធម៌ជាតិដល់ភ្ញៀវទាំងក្នុងស្រុកនិងក្រៅស្រុក។

រម្លឹកថា ការរៀបចំសង្ក្រាន្តឆ្នាំនេះបានផ្ដោតជាអាទិភាពលើការគ្រប់គ្រងសុវត្ថិភាព និងតម្លៃសេវាកម្មសមរម្យ ដើម្បីធានាឲ្យមានភាពរលូននៃពិធីបុណ្យ ហើយផ្ដល់បទពិសោធន៍ល្អដល់ភ្ញៀវទេសចរ។ នេះបង្ហាញថា វប្បធម៌មិនត្រឹមតែជាការរក្សា ឬបង្ហាញអតីតកាលទេ ប៉ុន្តែថែមទាំងជាវិធីសាស្ត្រសំខាន់ក្នុងការជឿនលឿនសេដ្ឋកិច្ច និងស្ថាបនាអនាគតរីកចម្រើនសម្រាប់តំបន់ផងដែរ៕ឈឹម.កុសល

LEAVE A REPLY

Please enter your comment!
Please enter your name here