ក្រុងព្រះសីហនុ
ក្រុមឧក្រិដ្ឋជនដែលក្លែងបន្លំជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសណ្ឋាននគរបាលជាតិ ធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ (កំហែងយក) ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញព័ត៌មានសន្តិសុខនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ពន្លាតដែនសមត្ថកិច្ចពីខេត្តព្រះសីហនុ ដល់រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៥នាក់ ។
អំពីដំណើររឿង៖ សមត្ថកិច្ចទទួលពាក្យបណ្តឹងថា: មានមន្ត្រីកងរាជអាវុធហត្ថចំនួន៤នាក់ទៅ៥នាក់ បានចាប់ឆែកឆេររថយន្ត និងបានចោទថាជនរងគ្រោះដឹករបស់ខុសច្បាប់ (ម៉ាស៊ីនផ្សព្វផ្សាយល្បែងអនឡាញ) និងគំរាមទារប្រាក់ពីជនរងគ្រោះចំនួន៣.០០០ដុល្លារ បើមិនព្រមទេ នឹងចាប់ទាំងមនុស្ស រថយន្ត និងម៉ាស៊ីន យកទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួចជនរងគ្រោះក៏យល់ព្រមប្រគល់ប្រាក់សុទ្ធចំនួន៣.០០០ដុល្លារ ឱ្យទៅពួកជនសង្ស័យនោះ។សមត្ថកិច្ច បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ក្រុមរបស់ជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពគំរាមយកប្រាក់ពីជនរងគ្រោះ មានដូចជាជនជាតិចិន និងជនជាតិខ្មែរ យកបានប្រាក់ចំនួប្រមាណ១០.០០០ដុល្លារ ដោយធ្វើសកម្មភាពក្នុងទីតាំងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ កងរាជអាវុធហត្ថ ៖ សូមអំពាវនាវដល់សាធារណជន
មេត្តាចូលរួមសហការផ្តល់ព័ត៌មានដល់កម្លាំងសមត្ថកិច្ចដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស រក្សាសន្តិសុខ សុវត្ថិភាពសង្គម៕