ភ្នំពេញ៖ កម្លាំងនគរបាលនៃ អគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីជនជាតិចិន និងវៀតណាមជាង ៣០០នាក់ ពាក់ព័ន្ធករណីលួចលាក់បង្កប់បើក និងលេងល្បែងស៊ីសងអនឡាញខុសច្បាប់ នៅចំណុច អគារ អាផាតមិន ក្រោយផ្សារដីថ្មី នៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។
យោងតាមការឱ្យដឹងពី សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ចំពោះការឃាត់ខ្លួននេះមានជនជាតិចិន និងជនជាតិវៀតណាម ប្រុសមានស្រីចំនួនជាង ៣០០នាក់ ដែលកំពុងពួនសម្ងំលួចលាក់បង្កប់បើក និងលេងល្បែងស៊ីសងអនឡាញខុសច្បាប់ រួមនឹងដកហូតបានវត្ថុតាងសម្រាប់ដំណើរការល្បែងស៊ីសងជាច្រើនផងដែរ។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុងករណីនេះ បន្ទាប់ពីមានការរាយកាណ៍ពីពលរដ្ឋថា ទីតាំងអាផាតមិនខាងលើនេះ សម្បូរទៅដោយជនជាតិចិន និងជនជាតិវៀតណាម ចេញចូលនៅចំណុចអគារនេះ ទើបលោកអគ្គស្នងការ បញ្ជារចុះទៅបង្ក្រាបភ្លាមៗ មិនឱ្យនរណាម្នាក់រួចខ្លួននោះឡើយ។
បច្ចុប្បន្ន សមត្ថកិច្ចបាននាំខ្លួនជនបរទេសប្រុសស្រីជាង ៣០០នាក់នោះ រួមនឹងវត្ថុតាង យកទៅកាន់អគ្គស្នងការនគរបាលជាតិ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ ប្រភព៖ CNC